About



Thursday, February 14, 2013

ក្មេង​ប្រុស​អាយុ14​ឆ្នាំ​សម្លាប់​ក្មេង​ស្រី​អាយុ8​ឆ្នាំ​ប្លន់​យកក្រវិល

កំពត ៖ មាន​ករណី​មនុស្ស​ឃាត​នឹក​ស្មាន​មិន​ដល់មួយ ដែលក្មេង​ប្រុស​អាយុ១៤ឆ្នាំ​ម្នាក់​ត្រូវ​បាន​​ក្លាយ​ជា​អ្នកទោស បន្ទាប់ពី​​​​លួ​ង​លោម​ក្មេង​ស្រី​អាយុ៨ឆ្នាំ​ម្នាក់ ដោះ​យក​ក្រវិល​មាស១គូរ​ទំងន់២ហ៊ុន ហើយ​រុញ​ក្មេងស្រី​រង​គ្រោះ​ទម្លាក់​ទឹក​ពី​លើ​ស្ពាន​ដៃ​ព្រែក​មួយ​ស្ថិត​ក្នុង​ភូមិ​កំពង់​សំរោង​ ឃុំ​កំពង់​សំរោង​ ស្រុក​ទឹក​ឈូ​ ​ដើម្បីសម្លាប់​បំបិទ​ដាន។ ចំពោះ​ករណី​នេះ​មុនដំបូង​ក្រុម​គ្រួសារ​យល់ថា ក្មេង​ស្រី​រងគ្រោះ​ស្លាប់​ដោយសារ​លង់ទឹក ប៉ុន្តែ​ព្រោះតែ​បាត់​ក្រវិល​រួម​នឹង​ស្លាក​ស្នាមរបួស​ខ្លួនប្រាណ​ផង​នោះ ទើប​សមត្ថកិច្ច​យល់ថា ជា​អំពើ​ឃាតកម្ម ទើប​ស្រាវជ្រាវ​ក៏​ឈាន​ទៅ​ឃាត់ខ្លួន​​បាន​ឃាតក​​នៅ​ថ្ងៃ​ដដែល​តែម្តង ដោយហេតុ​ការណ៍​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង​កាល​ពី​ចន្លោះ​ម៉ោង​៩​ទៅ​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​១២​ កុម្ភៈ​ ។​


តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​កុមារី​រង​គ្រោះ​​ឱ្យ​ដឹង​ថា​ នៅ​វេលាម៉ោង​៩​ព្រឹក​នោះ​ម្តាយ​នាង​បាន​ប្រើ​ឱ្យ​ទៅទិញ​កាពិ​មក​ស្លនៅ​ផ្ទះ​ តៀម​មួយ​ក្នុង​ភូមិ ។​ ពេល​នាង​ចេញ​មក​ពី​ផ្ទះ​ ត្រូវ​បាន​កុមារា​ជា​ជន​សង្ស័យ​ឌុប​កង់​ចេញ​ទៅ​ជា​មួយ​ លុះ​ដល់​ម៉ោង​១០​ព្រឹក​ក៏​មាន​អ្នក​ភូមិ​ឆោ​ឡោ​ ព្រោះ​​ប្រទះ​ឃើ​ញ​សព​កុមារី​នៅ​មាត់​ព្រែក​ក្បែរ​ស្ពាន​ ដោយ​ក្បាល​ធ្លាក់​ទៅ​ក្នុង​ទឹក​ ដង​ខ្លួន​នៅ​លើ​ច្រាំង ។​ ពេល​នោះ​អ្នក​ភូមិក៏​បាន​ផ្តល់​ដំណឹង​ទៅ​ក្រុម​គ្រួសារ លុះ​ក្រុម​​គ្រូសារ​ឪពុកម្តាយ​មកដល់​កន្លែង​កើត​ហេតុ​ ​លើ​កសព​ឡើង​ឃើញ​មាន​ស្នាម​ជាំ​ត្រង់​ក​ និង​បាត់​ក្រវិល​មាស​នៅ​ត្រចៀក​ ក៏​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច​ឱ្យមក​​ពិនិត្យ​សព ។​
លោក​គង់ សុខន​ នាយ​ការិយាល័យនគរ​បាល​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​ឱ្យ​ដឹងថា​ ក្រោយ​ពី​មាន​របាយ​ការណ៍​ពី​អធិការនគរបាល​​ស្រុក​ទឹក​ឈូ​ជុំ​វិញ​ករណី​សព​ កុមារី​ខាង​លើ​ កម្លាំង​ការិយាល័យ​នគរបាល​បច្ចេក​ទេស​បាន​ចុះ​ទៅពិនិត្យ​​សព​ ហើយ​សន្និដ្ឋាន​ថា​ មិន​មែន​ស្លាប់​ដោយ​លង់​ទឹក​ទេ​ គឺ​ស្លាប់​ដោយ​ការ​សម្លាប់​យ៉ាង​ពិត​ប្រាកដ​ ពីព្រោះ​នៅ​លើ​ដង​ខ្លួន​កុមារី​រង​គ្រោះ​មាន​ស្នាម​ជាំ​ក​ និង​បាត់​ក្រវិល​មួយ​គូ​ ។ លុះ​សមត្ថ​កិច្ច​ធ្វើការ​ស្រាវ​ជ្រាវ​ក៏​ឈាន​ទៅ​ឃាត់​ខ្លូន​ក្មេង​ប្រុស​ ឈ្មោះ​ ឃាង​ សុវណ្ណរ៉ា​ អាយុ​១៤​ឆ្នាំ ដែល​ឌុប​កុមារី​ទៅ​ទិញ​កាពិ​នោះ​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល​នាំ​មក​ កាន់​ស្នងការដ្ឋាន​​ដើម្បីសាក​សួរ ។​
សមត្ថកិច្ច​ការិយាល័យ​​​ស្នង​ការ​នគរបាល​​ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រងគ្រោះ​មានឈ្មោះ ណ បូរមី អាយុ៨ឆ្នាំ ដោយឡែក​ជន​សង្ស័យ​ជា​​ឃាតក​​ដៃដល់​មានឈ្មោះ ឃាង សុវណ្ណ​រ៉ា ​ភេទ​ប្រុស អាយុ១៤ឆ្នាំ មុខរបរ​ជា​សិស្ស។ រវាង​ឃាតក​និង​ជនរងគ្រោះ​មាន​ទីលំនៅ​ក្នុង​ភូមិ​ត្រពាំង​កញ្ឆែត ឃុំ​ត្រពាំង​កញ្ចែ​ត ស្រុក​ទឹកឈូ ខេត្ត​កំពត។ ប៉ូលិស​បាន​បញ្ជាក់​ថា​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ ម៉ោ១៨ល្ងាច ថ្ងៃទី១២ ខែ​កុម្ភៈ ​ឆ្នាំ២០១៣​នៅ​ចំណុច​ភូមិ ឃុំ ខាងលើ ក្រោយពី​គេ​បាន​ធ្វើ​សកម្មភាព ប្រមាណ៨ម៉ោង។
ប៉ូលិស​បន្ត​ថា អំពើ​ឃាត​កម្ម​នេះ​អាច​កើតឡើង​ក្នុង​ចន្លោះ​ម៉ោង៩ទៅ១០ព្រឹក​ ថ្ងៃទី១២ ខែ​កុម្ភៈ ឆ្នាំ២០១៣ នៅ​ចំណុច​ស្ពាន​ទឹក​ម៉ា ក្នុង​ភូមិ ឃុំ ខាងលើ ហើយ​ករណី​នេះ​​ផ្តើម​ឡើង​ព្រោះតែ​ក្មេង​ប្រុស​ចង់បាន​ក្រវិល​មាស២ហ៊ុន​ ប៉ុណ្ណោះ។
តាម​មន្ត្រី​ប៉ូលិស​ឱ្យ​ដឹង​ថា​ ដំបូង​ក្មេង​ប្រុស​នេះបដិសេធ​ពុំ​ព្រម​ទទួល​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ​ទេ​ តែ​ក្រោយ​ពីសាក​សួរ​តាម​នីតិវិធី​រួច​មក​ ក៏​បាន​សារ​ភាព​ប្រាប់​សមត្ថ​កិច្ច​ដោយ​ត្រង់​ថា​ ខ្លួន​ពិត​ជា​សម្លាប់​កុមារី​ដោយ​ច្របាច់ក​​ដោះ​យក​ក្រវិល​មួយ​គូ​ រួច​រុញ​ទម្លាក់​ពី​លើ​ស្ពាន​ដៃ​ព្រែកប្រាកដ​មែន​ ។ ក្រវិល​ដែល​ខ្លួន​ដោះ​យក​នោះ​ បាន​ប្រគល់​ឱ្យ​ម្តាយ​ខ្លួន​ទុក​ម្ខាង​ ឯ​ម្ខាង​ទៀត​ខ្លួនលក់​បាត់​ទៅ​ហើយ ។​ ដំបូង​សមត្ថ​កិច្ច​ទៅ​យក​ក្រវិល​ពី​ម្តាយ​បាន​តែ​មួយ​ចំហៀង​ទេ​ លុះ​ក្រោយ​មក​ទើប​ឈាន​ទៅ​យក​ពី​កន្លែង​ជន​សង្ស័យ​ទៅ​លក់​នោះ​បាន​មួយចំហៀង​ ទៀត ។​
បច្ចុប្បន្ន​ក្មេង​ប្រុស​ជា​ឃាតក​​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សា​លា​ដំបូង​ខេត្ត​កំពត ចាត់ការ​តាម​នីតិ​វិធី​ច្បាប់ ដោយឡែក​សព​ក្មេង​ស្រី​រងគ្រោះ​បន្ទាប់​ពី​ជំនាញ​បាន​ពិនិត្យ​រួចរាល់ ក៏​ប្រគល់​ជូន​ទៅ​​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​​តាម​ប្រពៃណី៕

0 comments :

Post a Comment